ជំនួយមនុស្សធម៌ចលនាអូឡាំពិក IOC និង OCA ទៅដល់ជួរមុខហើយ ក្នុងឆន្ទៈដើម្បីជាតិនិងប្រជាជនយើង ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យហើយ នៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ សម្រាប់បរិច្ចាគជួយដល់ជនភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមថៃឈ្លានពាន។ ការនាំយកអំណោយមនុស្សធម៌ ដែលទទួលបានពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងក្រុមប្រឹក្សាអូឡាំពិកអន្ដរជាតិអាស៊ី(OCA)នេះ បរិច្ចាគជួយដល់ជនភៀសសឹកនេះ ដឹកនាំដោយឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំ NOCC តំណាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការ NOCC ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងឱកាសទទួលអំណាយពី IOC និងOCA សម្រាប់ជនភៀសសឹក បានប្រាប់ឱ្យដឹងថា ក្នុងនាមឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC ឯកឧត្តម និងគណៈកម្មាធិការប្រតិបត្តិ NOCC បានចូលរួមទទួលអំណោយជនភៀសសឹករបស់អូឡាំពិក (Olympic Refugees Foundations) ដែលជាគម្រោងពិសេសមួយរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដោយស្ថាប័នអន្តរជាតិទាំងពីរនេះបានពិនិត្យលើហេតុផលច្បាស់លាស់ណាស់ ដោយមិនមែនចេះតែផ្តល់ជូននោះទេ មុននឹងសម្រេចចិត្តផ្តល់ជូនអំណោយសប្បុរសធម៌មកដល់កម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ថា ៖«បើទោះបីជាជនភៀសសឹកបានផ្លាស់ទីលំនៅចេញពីផ្ទះសម្បែងក៏ដោយ ក៏ពួកគាត់មានសិទ្ធិលេងកីឡា ដោយគេមិនអាចបិទសិទ្ធិលេងកីឡារបស់ពួកគាត់បានទេ ពីព្រោះថា នៅក្នុងចំណោមជនភៀសសឹកក៏មានកីឡាករ នៅក្នុងនោះដែរ។ ដូច្នេះ យើងឃើញថាជាស្មារតី ដែលយើងទទួលបាននូវអំណោយពី IOC និង OCA នាពេលនេះ គឺដើម្បីផ្តល់ដល់ជនភៀសសឹកកម្ពុជា ដោយសារគេមើលឃើញថា សង្គ្រាមដែលកើតឡើងពីការរំលោភបំពាននេះ គឺចលនាអូឡាំពិកពិភពលោកបានទទួលស្គាល់ថា កម្ពុជាជាជនរងគ្រោះ។ នេះជាចំណុចសំខាន់ ដែលជាជំនួយស្មារតីមួយ ក្នុងការផ្តល់ជូនយុត្តិធម៌សម្រាប់ជនភៀសសឹកកម្ពុជាយើងថា យើងពិតជារងគ្រោះដោយសារសង្គ្រាមឈ្លានពានពិតប្រាកដមែន»។
«ដូច្នេះក្នុងនាមចលនាអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ នៅតែឈរលើស្មារតីមនុស្សធម៌ និងអំពាវនាវឱ្យមានការបញ្ឈប់សង្គ្រាមឈ្លានពាន ធ្វើឱ្យមានជនភៀសសឹក ដែលជាសោកនាដកម្មមួយ។ សម្រាប់គម្រោងចែកចាយអំណោយទាំងនេះនឹងចែកជាពីរផ្នែក ក្នុងនោះនឹងចែកជូនដល់ជនភៀសសឹក នៅខេត្តឧត្តរមានជ័យ និងមួយចំណែកធំទៀត រួមទាំងថវិកា៨លានរៀលទៀតនឹងបរិច្ចាគតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលជាស្ថាប័នតំណាងឱ្យរាជរដ្ឋាភិបាលនឹងចែកជូនជនភៀសសឹកជាគ្រូបង្រៀន និងសិស្សានុសិស្ស សម្រាប់សកម្មភាពអប់រំភ្ជាប់ជាមួយនឹងកីឡាផងដែរ»។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ការផ្តល់ជូននូវអំណោយជនភៀសសឹករបស់ IOC និង OCA នេះត្រូវបានធ្វើឡើងក្នុងស្មារតីស្របតាមគោលការណ៍ ដោយបានចុះ MOU ជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសសឹក (UNHCR) សម្រាប់ប្រទេសណាដែលមានសង្គ្រាម ឬគ្រោះមហន្តរាយធំៗផ្សេងៗទៀត ទើបគេផ្តល់អំណោយសប្បុរសធម៌បែបនេះ ក្នុងគោលបំណងរួមចំណែកជាមួយអង្គការសហប្រជាជាតិ ដើម្បីសម្រាលបន្ទុកទុក្ខលំបាក និងបន្តលើកទឹកចិត្តឱ្យជនភៀសសឹក យុវជន និងកុមារមានសិទ្ធិរស់មានមានជីវិត មានឱកាសសិក្សារៀនសូត្រ ព្រមទាំងមានឱកាសលេងកីឡាផងដែរ។ អំណោយដែលទទួលបានផ្ទាល់ពីចលនាអូឡាំពិកអន្តរជាតិ និងចលនាអាស៊ីសម្រាប់ជនភៀសសឹកកម្ពុជា នាពេលនេះ មានដូចជាអង្ករ សៀវភៅ សម្ភារសិក្សាជាច្រើនទៀត សម្ភារកីឡា រួមទាំងកញ្ចប់ពេទ្យជាច្រើនតោនផងដែរ៕















Discussion about this post