ក្រុមបាល់ទាត់ MUAYTHAI និងក្រុមតារាល្បីៗ TIKTOK, FACEBOOK, និង ,YOUTUBE របស់ថៃ បានមកដល់កម្ពុជាហើយ កាលពូថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ក្នុងការបង្ហាញខ្លួន ត្រៀមការប្រកួតសម្រាប់ថ្ងៃស្អែក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ។

ថ្ងៃរសៀលទី០៧ ខែមីនាឆ្នាំ២០២៥នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, ក្រុមហ៊ុន វឌ្ឍនៈ, និង ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានជួបជុំក្នុងពិធីស្វាគមន៍និងប្រកាសជាផ្លូវការព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយក្រុមបាល់ទាត់ទាំង ៤ក្រុម ដែលបានជួបជុំ និងត្រៀមការប្រកួតមិត្តភាពនាថ្ងៃស្អែក ។ ទោះបីការប្រកួតកីឡាមានឈ្នះ-ចាញ់ តែសម្រាប់ជំនួបមិត្តភាពស្អែកនេះ មិនមានឈ្នះចាញ់នោះទេ ពោលគឺមានតែអ្នកឈ្នះទាំងអស់គ្នា ក្នុងនាមកីឡាករ ដែលបានចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ក្នុងការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទំនាក់ទំនងការទូតកម្ពុជា-ថៃ ខួបលើកទី៧៥ ។ ក្នុងស្មារតីនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កីឡាករទាំងអស់ ទាំងក្រុមតំណាងកម្ពុជា និងថៃ នឹងលេងដោយមោទនភាពទាំងអស់គ្នា។
លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងឱ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ ខួបអនុស្សាវរីយ៍ លើកទី៧៥ទំនាក់ទំនងការទូត កម្ពុជា-ថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយព្រឹត្តការណ៍ចាត់ទុកថា ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលរឹតចំណងមិត្តភាពរវាងបងប្អូនប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីបន្តមានសុខសន្តិភាពជាមួយគ្នា។ ព្រឹត្តិការណ៍នេះ ក៏ប្រារព្ធឡើងដោយការផ្សារភ្ជាប់ក្រោមពុទ្ធឱវ៉ា នៃព្រះពុទ្ធសាសនានៃយើង ។ ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ខួបអនុស្សាវរីយ៍ លើកទី៧៥ទំនាក់ទំនងការទូត កម្ពុជា-ថៃ សម្រេចដាក់ឈ្មោះថា ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ ។
លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង បានបញ្ចាក់ឱ្យដឹងថា សម្រាប់ការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃ លើកនេះ ជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃនិងកីឡាករនិងតារាល្បីៗរបស់កម្ពុជាចូលរួមជាកីឡាករក្នុងការប្រកួតនេះ ក្នុងនោះសម្រាប់កីឡាករ និង តារាល្បីៗ និងកីឡាករល្បីៗរបស់ថៃមានចំនួន៥០នាក់។ លោកក៏សូមអំពាវនាវដល់ បងប្អូនមហាជនប្រទេសសពីរទាំងពីរ និងប្រជាពលរដ្ឋថៃ កំពុងរស់នៅកម្ពុជាសូមឱ្យមកទស្សនាក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់ផង នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង៣រសៀលតទៅ។
ឯឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងប្រាប់ថា គោលបំណងរបស់យើងគឺចង់ឱ្យ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ក៏ជាព្រឹត្តិការណ៍ដែលមានគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរបន្ថែមទៀត ពិសេសធ្វើឱ្យមានសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដោយធ្វើ ប្រទេសយើងទាំងពីរឱ្យមានសន្តិភាពជាមួយគ្នារហូតតទៅ។ មុនការចូលរួមការប្រកួតនេះ លោកនឹងកោះប្រជុំជាមួយក្រុមកីឡាករ និងអ្នកពាក់ព័ន្ធទាំងអស់អំពីបំណងនៃការបង្កើតឱ្យមានព្រឹត្តិការណ៍នេះ ដើម្បីឱ្យពួកគាត់បានយល់ជ្រួតជ្រាបនោះគឺជាការប្រកួតមិត្តភាព រិតចំណងមិត្តភាពនៃប្រទេសទាំង២ ក៏ដូចជាមានការហ្វឹកហាត់មុនការត្រៀមការប្រកួតនាថ្ងៃទី០៨មីនាផងដែរ។
ឯឧត្តមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់នេះមាន២ការប្រកួត គឺ៖ ក្រុមបាល់ទាត់តារាកម្ពុជា ជាមួយប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI។ ការប្រកួតនេះ មិនកំណត់យកបច្ចេកទេសចាញ់ឈ្នះជាធំនោះទេ គឺការលេងតាមបែបធម្មតាៗ តាមជំនាញរបស់ខ្លួន ឬអាចថាជាលក្ខណៈលេងបែបសប្បាយៗ រីករាយ និងមានលក្ខណៈស្មើរភាពគ្នា ៕































Discussion about this post