ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែររួមទាំងពលរដ្ឋបរទេសប្រមាណជិត៥ពាន់នាក់កាលព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បានចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី៣ ឆ្នាំ២០២៥ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។ នករត់ប្រណាំជិត៥នាក់នាំគ្នាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងនិងទប់ស្កាត់ជំងឺមហារីកសុដន់, លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងសារដាស់តឿនក្នុងពិធីនោះ ស្នើរដល់ស្រ្តីៗគ្រប់រូបគួរពិនិត្យសុខភាពជៀសវាងជួបហាភិភ័យ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការ NOCC ក្រោយព្រឹត្តិការណ៍រត់ប្រណាំងលើចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រខាងលើ ដែលរៀបចំឡើង ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដោយមានអត្តពលិកជាតិ-អន្ដរជាតិជាង ៤ពាន់នាក់ មកពីប្រមាណ ៥០ប្រទេសចូលរួម។ សម្រាប់អ្នកចូលរួមរត់ឆ្នាំនេះ មានកំណើតប្រមាណ ២០% បើធៀបនឹងឆ្នាំមុន ។ តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺកំណើនស្ដ្រីចូលរួមពិនិត្យរករោគសញ្ញាជំងឺមហារីកសុដន់ រហូតដល់ជិត ១ពាន់នាក់ ។
លោក វ៉ាត់ ចំរើន បានបន្ថែមថា នេះគឺជាបំណងសំខាន់ នៃការខំប្រឹងរៀបចំព្រឹត្តិការណ៍នេះឡើង ហើយនឹងបន្ដជំរុញការរៀបចំនាឆ្នាំក្រោយៗទៀត ដើម្បីលើកកម្ពស់សុខភាពស្ដ្រីក្នុងសង្គម ពិសេសចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងទប់ស្កាល់ជំងឺមហារីកសុដន់តែម្ដង។ ក្នុងចំណោមអ្នករត់ជាង ៤ពាន់នាក់ ឆ្នាំនេះ ក៏ឃើញមានកំណើនក្មេងៗចូលរួមកាន់តែច្រើនផងដែរ បើធៀបនឹងឆ្នាំមុនៗ។ នេះគឺជាសញ្ញាណវិជ្ជមាន នៃការយល់ដឹងអំពីសុខភាព និងអត្ថប្រយោជន៍នៃការលេងកីឡា។
ទាំងវិស័យកីឡា និង វិស័យឯកជន នាំគ្នារៀបចំព្រឹត្តិការណ៍រត់ប្រណាំនេះឡើងដោយសារតែ កម្ពុជាតាមរយៈក្រសួងសុខាភិបាល បានបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៤ បានឲ្យដឹងថា កម្ពុជានៅក្នុងឆ្នាំ២០២៤ ពិនិត្យឃើញមានអ្នកជំងឺមហារីកសរុបចំនួន ៣១ ,៥១៨នាក់បានទទួលការព្យាបាលនៅមន្ទីរពេទ្យកម្ពុជា ក្នុងនោះ មាន ១២៧នាក់បានទទួលមរណៈភាពកន្លងមកហើយ។
តាមរបាយការណ៍ ចំនួនអ្នកជំងឺមហារីកដែលព្យាបាលនៅក្នុងមន្ទីរពេទ្យកម្ពុជាក្នុងឆ្នាំ ២០២៤ បានកើនឡើងចំនួន ៨៧.៤២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ ក្រសួងសុខាភិបាលបានកត់ត្រាឃើញទៀតថា ក្នុងចំណោមអ្នកកើតជំងឺមហារីកដែលទទួលបានការព្យាបាលនៅកម្ពុជាក្នុងឆ្នាំ ២០២៤ ប្រភេទជំងឺមហារីកដែលច្រើនជាងគេគឺ មហារីកសុដន់ និងមហារីកមាត់ស្បូនដែលមានសរុបជិត ៣២ភាគរយនៃអត្រាអ្នកជំងឺមហារីកសរុប៕






Discussion about this post