ភ្នំពេញ៖ ជាផលិតករនិងអ្នកដឹកនាំវិស័យភាពយន្តដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា លោក វ៉ាត លីម៉េង ស្រាប់តែបែកធ្លាយរងការចោទប្រកាន់ថា ជាមនុស្សឆបោកប្រាក់របស់គេ ដោយប្រើប្រាស់ល្បិច ឱ្យរកស៊ីហ៊ុនជាមួយបើកផលិតកម្មភាពយន្តនៅស្រុកខ្មែរ។

ករណីបែកធ្លាយរបស់លោក វ៉ាត លីម៉េង ត្រូវតុលាការទម្លាយចេញឱ្យដឹង ក្រោយមានដីការកោះហៅចំនួន៣លើកមកហើយ ក្រោមការចោទប្រកាន់ថា លោកបានបានឆបោកប្រាក់ក្នុងទំហំទឹកប្រាក់ អស់លុយជាង៨ម៉ឺនដុល្លារអាមេរិក តាំងពីអំឡុងឆ្នាំ២០២៣ ពីស្រ្តីមេម៉ាយម្នាក់ ដែលជាអណិកខ្មែរអាមេរិក ដោយជនរងគ្រោះបានអះអាងប្រាប់ដល់តុលាការថា ខ្លួនបានចាញ់បោកក្រោមពាក្យលួងលួមរកស៊ីដាក់ហ៊ុនជាមួយគ្នា បើកក្រុមហ៊ុនដាក់ឈ្មោះរួមគ្នា តែចុងក្រោយលោក វ៉ាត លីម៉េង រត់ច្បាប់ដាក់ឈ្មោះក្រុមហ៊ុនតែម្នាក់ឯង បំពានតាមការសន្យា ទើបកើតជាការប្តឹងផ្តល់ដល់តុលាការ។
បើយោងលិខិតពាក្យបណ្តឹងរបស់ជនរងគ្រោះបានឱ្យដឹងថា ក្នុងរយៈពេលដែលជនរងគ្រោះកំពុងស្នាក់នៅជាបណ្ដោះអាសន្នក្នុងប្រទេសកម្ពុជា ឈ្មោះ វ៉ាត លីម៉េង បានធ្វើការបញ្ចុះបញ្ចូលលួងលោមជនរងគ្រោះឲ្យធ្វើការដាក់ហ៊ុនចូលគ្នា ក្នុងគោលបំណងបង្កើតក្រុមហ៊ុនផលិតកម្មភាពយន្ត និងវីដេអូ ដើម្បីរកប្រាក់ចំណេញធ្វើការបែងចែកគ្នា។

ក្រោយមានការជឿជាក់លើរូបឈ្មោះ វ៉ាត លីម៉េង និងមានជំនឿស៊ុបថា មុខរបរអាជីវកម្មនេះ អាចនឹងរកប្រាក់ចំណូល បានដោយសារប្រជាជនកម្ពុជាសព្វថ្ងៃកំពុងមានសន្ទុះក្នុងការគាំទ្រលើវិស័យសិល្បៈ និងភាពយន្តនោះ ជនរងគ្រោះបានយល់ព្រមជាមួយឈ្មោះ វ៉ាត លីម៉េង ដោយសន្យាធ្វើការបណ្ដាក់ទុនរួមគ្នាជាមួយលោក នៅពេលខ្លួនវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ថានឹងធ្វើការបង្វែរផ្ទេរប្រាក់ជូនឈ្មោះ វ៉ាត លីម៉េង ដើម្បីយកមកបង្កើតក្រុមហ៊ុន ផលិតភាពយន្ត និងវីដេអូ។
ជាក់ស្ដែងនៅពេលត្រឡប់ទៅដល់សហរដ្ឋអាមេរិកវិញ ជនរងគ្រោះបានធ្វើការបង្វែរប្រាក់ ជាបន្តបន្ទាប់ក្នុងការដាក់វិនិយោគបង្កើតក្រុមហ៊ុនផលិតភាពយន្ត និង វីដេអូ តាមគណនីឈ្មោះរបស់លោក គឺ VATH LYMENG មានចំនួន១២លើក ដែលមានទឹកប្រាក់សរុបចំនួន USD85,200.00 (ប្រាំបីម៉ឺនប្រាំពាន់ និងពីររយដុល្លារអាមេរិកគត់)។ ក្រោយពីឈ្មោះ វ៉ាត លីម៉េង បានទទួលប្រាក់នេះនៅក្នុងដៃរួចហើយ បានប្រើប្រាស់ប្រាក់ទាំងអស់នេះ ខុសពីគោលបំណងដែលបានសន្យាគ្នាជាមួយជនរងគ្រោះកន្លងមក។
ឈ្មោះ វ៉ាត លីម៉េង បានយកលុយនោះប្រើប្រាស់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រាក់មួយចំនួនយកទៅបង្កើតសហគ្រាសផលិតភាពយន្ត និងវីដេអូ ផ្ទាល់ខ្លួនតែម្នាក់ឯងដែលនាមករណ៍សហគ្រាសឯកបុគ្គលនោះមានឈ្មោះថា «អាភៀន ស្តារ ហ្វីម (AZIAN STARS FILM)» ដោយមិនមែនជាក្រុមហ៊ុននីតិបុគ្គលនោះឡើយ បែរជាដាក់ឈ្មោះខ្លួនឯងជាម្ចាស់សហគ្រាស និងជាម្ចាស់ភាគហ៊ុនតែម្នាក់ឯងទៅវិញ (ដូចមានឯកសារជូនភ្ជាប់មកជាមួយ)។
កន្លងមកដោយយោងទៅលើការយោគយល់អំពីមនោសញ្ចេតនារាប់អានគ្នា ជនរងគ្រោះបានផ្ដល់ពេលវេលា និងឱកាសគ្រប់គ្រាន់សម្រាប់ឲ្យឈ្មោះ វ៉ាត លីម៉េង ចូលខ្លួនមកដោះស្រាយបញ្ហាប្រាក់ ដែលបុគ្គលនេះឆបោក យកទៅខាងលើជាញឹកញាប់ តែបុគ្គលឈ្មោះ វ៉ាត លីម៉េង គ្រាន់តែបានសន្យាជាមួយជនរងគ្រោះថាថ្ងៃនេះថ្ងៃនោះជាហូរហែរថា នឹងចូលខ្លួនដោះស្រាយ តែរហូតមកទល់ពេលនេះឈ្មោះ វ៉ាត លីម៉េង មិនមានដំណោះស្រាយ អ្វីទាល់តែសោះ បែរជាទទួលបានមកវិញនូវពាក្យភូតភរកុហក បោកប្រាស់ និងបដិសេធមិនបំពេញកាតព្វកិច្ចតាមសន្យារបស់ខ្លួន និងគេចខ្លួន រហូតមកដល់សព្វថ្ងៃ។
ក្រោយរងគ្រោះដោយអំពើឆបោកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នតុលាការ ហើយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ជា សា ព្រះរាជអាជ្ញារង បានចេញដីកាកោះទៅកាន់ឈ្មោះ វ៉ាត លីម៉េង ចំនួន៣លើករួចមកហើយ តែសម្រាប់ចោទប្រកាន់នេះ សាម៉ីខ្លួន លោក វ៉ាត លីម៉េង មិនចេញមុខប្រតិកម្មនិងមានការបកស្រាយបែបណាឡើយ៕












Discussion about this post