ទស្សនាវដ្ដីសេដ្ឋកិច្ចល្បីឈ្មោះរបស់ប្រទេសជប៉ុន The Nikkei បានបោះពុម្ភសៀវភៅ ៣០០០០ច្បាប់ និយាយពីស្ត្រីខ្មែរឈ្មោះ សែម ណាវី ជានាយកប្រតិបត្តិក្រុមហ៊ុន Sisyphus.inc ដោយកោតសរសើរ និងចាត់ទុកអ្នកស្រី ជាដៃគូជាសហការវិនិយោគល្អមួយនៅប្រទេសជប៉ុន។

ការចុះផ្សាយយ៉ាងកម្រពីសហគ្រិនស្ត្រីខ្មែររូបនេះ បន្ទាប់ពីអ្នកស្រី បានធ្វើឲ្យលេចមុខលេចមាត់នៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាហូរហែ ក្នុងនាមជាស្ត្រីខ្មែរម្នាក់ ដែលតស៊ូពីកម្មការិនីកាត់ដេរ រហូតក្លាយជាប្រធានក្រុមហ៊ុនមួយនៅប្រទេសជប៉ុនឈ្មោះថា Sisyphus ដែលផ្គត់ផ្គង់ផលិតផលជាច្រើន ពិសេសផលិតផល Skin Care ដែលផលិតពីវត្ថុធាតុដើមធម្មជាតិ ទាំងនៅក្នុងប្រទេសជប៉ុន និងនៅប្រទេសអាស៊ីមួយចំនួនទៀត។
នៅក្នុងការផ្សព្វផ្សាយរបស់ខ្លួន The Nikkei បានបោះពុម្ពលក់លើទីផ្សារ ៣ ម៉ឺនច្បាប់ ដាក់លក់នៅប្រទេសជប៉ុន ដោយគេបានពិព័រណ៌នាថា ក្រុមហ៊ុន Sisyphus គឺជាក្រុមហ៊ុនមួយដែលបានបង្កើតដោយស្ត្រីខ្មែរ គឺ អ្នកស្រី សែម ណាវី ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនផ្ទាល់តែម្ដង។
ពួកគេបានបន្ថែមទៀតថា ក្រុមហ៊ុន Sisyphus របស់កូនខ្មែររូបនេះ គឺជាដៃគូសហការវិនិយោគដ៏ល្អមួយ ខណៈដែលស្ថាបនិកក្រុមហ៊ុនមិនបានរៀនចប់សាកលវិទ្យាល័យផង ប៉ុន្តែពុះពារមិនរាថយ រហូតអាចឈរជើងយ៉ាងរឹងមាំនៅជប៉ុន និងកំពុងប្រតិបត្តិការនៅបណ្ដាប្រទេសផ្សេងទៀតដូចជា ថៃ ម៉ាឡេស៊ី វៀតណាម ចិន និងកម្ពុជា ជាដើម។
ក្រុមហ៊ុន Sisyphus បង្កើតឡើង ដើម្បីចូលរួមចំណែកជួយដល់សុខភាព និងសម្រស់ប្រជាជនកម្ពុជា ដែលជួបបញ្ហាប្រើប្រាស់ផលិតផលគ្មានស្តង់ដារ បណ្ដាលឱ្យជួបបញ្ហាមួយចំនួន ហើយមិនអាចដោះស្រាយបាន។ បច្ចុប្បន្ន Sisyphus បាននាំចេញផលិតផលសម្រេច និងនាំចូលវត្ថុធាតុដើម មកធ្វើផលិតផល skincare, joint health supplements , ផ្តល់សេវាកម្មលើការផ្សាយពាណិជ្ជកម្ម ឌីសាញ ផលិតផល និងអាជីវកម្មសំលៀកបំពាក់ ជាដើម។
តាម The Nikkei ពណ៌នាថា ត្បិតថាខ្លួនឯង មិនបានទៅសិក្សាវែងឆ្ងាយ តែអ្នកស្រី សែម ណាវី បានជួយប្អូនៗ និងក្មួយៗ ទាំងអស់ ឱ្យរៀនដល់សាកលវិទ្យាល័យ ព្រមទាំងបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនគ្រប់គ្នា។ បច្ចុប្បន្នប្អូនៗ ទាំងអស់ ក៏បានជួយការងារខ្លះៗរបស់អ្នកស្រីផងដែរ។
នេះគឺជាមោទកភាពថ្មីទៀតរបស់ស្ត្រីខ្មែរវ័យ ៣៩ ឆ្នាំរូបនេះក្នុងនាមជាសហគ្រិនស្ត្រីកំពុងឈរជើងនៅក្នុងប្រទេសជប៉ុន។ អ្នកស្រី សែម ណាវី បានប្រាប់ Global Star Global Plus តាមសារអេឡិចត្រូនិកបន្ថែមថា…អ្នកស្រី ពិតជាសប្បាយចិត្ត និងមោទកភាពក្នុងនាមជាជនជាតិខ្មែរម្នាក់ ត្រូវបានកត់សម្គាល់ដោយសារព័ត៌មានសេដ្ឋកិច្ចដ៏ល្បីបំផុតរបស់ជប៉ុននេះ។
អ្នកស្រីថ្លែងថា “វាជារឿងដ៏កម្រ និងមោទកភាពណាស់ដែលខ្ញុំអាចមានមុខនៅទីនេះក្នុងនាមជាសហគ្រិនស្ត្រីដើមកំណើតខ្មែរ…ខ្ញុំអាចនិយាយបានថា មានក្រុមហ៊ុនធំៗជាច្រើនដែលមានមូលដ្ឋាននៅប្រទេសជប៉ុនដូចគ្នា ចង់ឲ្យ Nikkei ធ្វើជាសៀវភៅ ឬចុះផ្សាយពីពួកគេអីចឹង…នាងខ្ញុំពិតជាមានមោទកភាព!”។
ក្រុមហ៊ុន ណាវី អាចផលិតផលិតផលជប៉ុនប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់មានការពេញនិយមខ្លាំងនៅប្រទេសជប៉ុន និងអាស៊ីអាគ្នេយ៍ ប្រជាជនក្នុងស្រុកមានទំនោរនឹងផ្តល់សារៈសំខាន់លើប្រសិទ្ធភាពលើការប្រើប្រាស់គ្រឿងផ្សំ ដែលមានប្រសិទ្ធភាពជាងម៉ាកយីហោ នៅពេលជ្រើសរើសគ្រឿងសម្អាងប្រើប្រាស់។
បច្ចុប្បន្ននេះ ក្រុមហ៊ុនអ្នកស្រី ណាវី កំពុងផ្ដោតលើការអភិវឌ្ឍវត្ថុធាតុដើម ដោយកំពុងសម្លឹងមើលរុក្ខជាតិជាច្រើនដែលដុះនៅប្រទេសកម្ពុជា ដែលរំពឹងថានឹងអាចប្រើជាវត្ថុធាតុដើមបាន។ ដូច្នេះហើយ អ្នកស្រី កំពុងស្វែងរកការសហការធ្វើដៃគូ ដើម្បីពិសោធន៍មើលថាតើ រុក្ខជាតិទាំងនេះអាចប្រើប្រាស់ក្នុងការអភិវឌ្ឍគ្រឿងសម្អាងបានដែរឬទេ ដើម្បីចូលរួមចំណែកជួយដល់កសិករក្នុងស្រុក និងនាំផលិតផលរបស់ខ្មែរលក់នៅបរទេស ហើយនេះ ជាក្តីសុបិនដ៏ធំបំផុតរបស់អ្នកស្រី៕
ក្នុងនាមសហគ្រិនខ្មែរនៅប្រទេសជប៉ុន អ្នកស្រី ណាវី តែងតែជួយយកអាសា និងភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្ស និស្សិត ដែលប្រឡងជាប់អាហារូបករណ៍ និងបងប្អូនខ្មែរដទៃទៀត ដែលមករៀននៅប្រទេសជប៉ុន ដោយគិត និងចាត់ទុកថា នៅផ្ទះម្ដាយទីទៃ នៅព្រៃម្តាយតែមួយ។

រហូតអ្នកខ្លះ ទោះបីដល់ប្រទេសកម្ពុជាវិញ នៅតែរក្សាបានយ៉ាងល្អ តាមរយៈការផ្តល់ និងចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក ពិសេសទាក់ទងនឹងការកៀរគរអ្នកវិនិយោគជប៉ុនទៅរកស៊ីនៅប្រទេសកម្ពុជា។ អ្នកស្រីសប្បាយចិត្តទៅនឹងកិច្ចការទាំងនេះ ដើម្បីរួមចំណែកជួយប្រទេសជាតិតាមលទ្ធភាពរបស់ខ្លួន ទោះតិចក្ដីច្រើនក្ដី៕
















Discussion about this post